១ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ថ្ងៃស្អែកថ្ងៃក្រោយទៅជាយ៉ាងណា
ថ្ងៃនេះមានទុក្ខផ្តុំពេញឱរ៉ា បារម្មណ៍ខេមរាទុរ្ភិក្សជីវិត ។
២ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ធម្មជាតិឆ្លងឆ្លើយប្រាប់ទុក្ខក្នុងចិត្ត
បារម្មណ៍ខ្លាចមនុស្សបំផ្លាញគ្មានគិត ព្រៃធំខ្លឹមពិតដួលដេករាល់ថ្ងៃ ។
៣ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ភ្លៀងមិនទៀងឡើយស្ងួតប្រេះខូងដី
ភ្លើងផ្គររន្ទះកាចណាស់ប្រល័យ ព្យុះប៉ើងបាត់ព្រៃជាវាលរហោឋាន ។
៤ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ដីស្ងួតខ្ពស់ហើយស្ងួតចិត្តក្សេមក្សាន្ត
គោករីងអូរស្ទឹងបឹងទន្លេមាន ជលផលប៉ុន្មានថមថយរាល់ឆ្នាំ ។
៥ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ទុក្ខផ្តុំគ្មានស្បើយក្នុងចិត្តតែងផ្តាំ
សម្បត្តិវប្បធម៌ខ្មែរល្អលំនាំ អាចជួយចិញ្ចឹមខ្មែររស់យ៉ាងស្រួល ។
៦ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ទ្រព្យនៅបង្កើយម្តេចឡើយប្រែប្រួល
មាសពេជ្រត្បូងថ្មព្រៃក្រាស់ភ្នំទួល អន្តរាយដេកដួលគួរអាសូរណាស់ ។
៧ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ ថ្ងៃស្អែកដល់ហើយទំលាប់នៅចាស់
សម្បត្តិមហាសាលផ្តាំខ្មែរអោយផ្លាស់
មើលកេរ្តិ៍អោយច្បាស់តំលៃជាតិឯង ។
៨ មាតុភូមិកម្ពុជាដ៏សំបូរណ៍អើយ កាលណាខ្មែរស្បើយលោភលន់វង្វេង
មើលជាតិជាធំសង្គមប្រាជ្ញស្តែង បេះដូងយើងស្វែងស្ទួយភាពថ្កើងថ្កាន ។
៩ មាតុភូមិកម្ពុជាសែនសំបូរណ៍ណាស់ ដែនកោះដេដាសទេសភាពទេវឋាន
ផ្តាំខ្មែរអោយខំអភិវឌ្ឍន៍ឧធ្យាន ទេសចររយលានកំសាន្តគាប់ភ្នែក ។
១០ មាតុភូមិកម្ពុជាតូចតែឧត្តម ផ្តាំខ្មែរកុំយំកៀកស្មាហើយស្រែក
យើងការពារជាតិស្ទួយឡើងគ្រប់ផ្នែក មិនមើលនឹងភ្នែកមុនជាតិលិចលង់ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment