១ ថ្ងៃអង្គារពុធទេវបុត្រមង្គល មេបាលោកកលចៅមហាប្រុសស្រី
ផ្សំផ្គុំចងស្រាក់ពរជ័យសួរស្តី សេងហាប់ពិសីជាគូរភរិយា ។
២ ថ្ងៃអង្គារពុធជុំមិត្តបងប្អូន ពពាក់ពពូនដោយពរផ្កាស្លា
អ៊ុំពូតាយាយមាតាបិតា វេញខ្សែរវាសនាបុត្រាបុត្រី ។
៣ ថ្ងៃមង្គលល្អបវរក្រៃណាស់ បុត្រទ្វេសំពះទេវតាម្ចាស់ដី
ជួយដឹងជួយលឺភរិយាស្វាមី សុំគ្នាជាប្តីប្រពន្ធស្របច្បាប់ ។
៤ ថ្ងៃមង្គលជ័យវិថីជីវិត ក្តុកក្តួលដួងចិត្តពិសីសេងហាប់
គ្រឿងបណ្ណាការត្បូងពេជ្រជូនផ្គាប់ តាមដោយទំលាប់ប្រពៃណីខ្មែរ ។
៥ ថ្ងៃមង្គលជ័យសិរីសួរស្តី លាភយសទ្រព្យថ្មីចូលមកហូរហែរ
ទ្រព្យចាស់គង់នៅពូនគរជាកេរ្តិ៍ ដោយគុណពុកម៉ែតាមថែរក្សា ។
៦ ថ្ងៃមង្គលជ័យចាំន័យទេវពរ ញាតិមិត្តអបអរពាក្យពេជ្រថ្លៃថ្លា
សូមកូនទាំងពីរចេះស្រលាញ់គ្នា មេត្តាករុណាដល់ចាស់កោងខ្នង ។
៧ ថ្ងៃមង្គលជ័យអស់ភ័យទាំងពួង សត្រូវបួងសួងជាមិត្តញាតិម្តង
ឧបសគ្គទាំងឡាយរលាយអស់ហ្មង សូមគ្រោះរំលងជួបសុខរាល់ថ្ងៃ ។
៨ ថ្ងៃជ័យមង្គលមានដល់គ្រួសារ ឆាប់មានបុត្រភ្ញាក្លាហានវាងវៃ
តាមដោយគន្លងធម៌ឪពុកម្តាយ ពរសុខសួរស្តីឥតបីឃ្លាតឡើយ ។
៩ ថ្ងៃជ័យមង្គលដោយផលចិត្តស្មោះ ពរភ្ញៀវកិត្តិយសខ្ពស់វែងគ្មានត្រើយ
ជាពរអមតៈក្នុងចិត្តអ្នកហើយ សូមចាំកុំស្បើយកើតចិត្តធញ់ទ្រាន់ ។
១០ ថ្ងៃមង្គលជ័យសិរីសួរស្តី ដល់កូនប្រុសស្រីបរិបូរណ៍គ្រប់គ្រាន់
រកសុីមានបានត្រជាក់ត្រជុំ មើលថែគ្រងឃុំគ្រួសាររៀងអើយ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment