១ កម្ពុជាអច្ឆរិយៈ មាតុភូមិអមតៈ
ឆ្នេរកោះធម្មជាតិ
ដែនសមុទ្រខ្មែរ កេរ្តិ៍ឋានខេមញាតិ ភូមិកោះល្អស្អាត
នាទិសនារតី ។
២ សមុទ្រឆ្នេរមាស ក្រាលប្រាក់ពោរពាស កោះថាសកោះថ្មី
កោះកុងកោងកាង បាំងកោះក្របី កោះសេះកោះស្វាយ
អប់ក្លិនផ្កាថ្ម ។
៣ កោះពស់ក្រាលប្រាក់ កោះពោធិត្រជាក់ កោះមនុស្សដ៏ល្អ
កោះព្រឺសកោះព្រីង កោះស្មាច់ស្តេចឈរ កោះឆាងគុណធម៌
កោះល្អស្ងប់ស្ងាត់ ។
៤ ធម្មជាតិកោះរុង ឆ្នេរខ្សាច់ផូរផង់ ជំនោរផាយផាត់
កោះក្រចកសេះ ក្រាលក្រាស់សម្បត្តិ មាសខ្មៅរសាត់
អណ្តែតជលសារ ។
៥ កោះក្រាសកោះតាង កោះគុតការាំង ឋានសួគ៌រចនា
កោះខ្ទះម្រឹគី ពេញពាសគង្គារ កោះត្បាល់រមនា
ដែនដីតុសិត ។
៦ ឆ្នេរខ្សាច់មាសឆ្នៃ តាមកោះឬស្សី អង្រ្កងមូលមិត្ត
កោះរុងថ្មដុស សំពោធដាមដិត ស្រមោចកោះជិត
ដែនសុវណ្ណភូមិ ។
៧ ឆ្នេរកោះទន្សាយ ទេសភាពពណ្ណរាយ ម្លប់ដូងមនោរម្យ
ទេសចរធម្មជាតិ ខ្ញៀវខ្ញារជួបជុំ ងូតទឹកថ្លាយ៉ង់
កោះរុងសន្លឹម ។
៨ កំសាន្តតាមកោះ តាទាមចន្លុះ កោះថ្មីសង្ឃឹម
ម្លប់ឈើកោះស្តេច ម៉ាកប្រាងញញឹម សមុទ្រសន្លឹម
ឆ្ងាយកោះឬស្សី ។
៩ មើលកោះដែកគោល ដំឡូងកោះទោល ឆ្ងាយកោះពូឡូវៃ
កោះតែងនឹកគ្នា កោះយំអាល័យ កោះស្រែកបោយដៃ
ហៅមិត្តវិលវិញ ។
១០ ឆ្នេរកោះធម្មជាតិ សមុទ្រក្រាលខ្សាច់ រលកប្រដេញ
ឆ្នេរកោះតាកៀវ ឃើញភ្លាមនឹកក្នាញ់ ខ្មែរអើយស្រលាញ់
មើលថែរកោះផង ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment