អូនមិនអាចញុាំមិនអាចគេងស្ងប់
អូនយំរាល់យប់ពេលនឹកគេម្នាក់
ដួងចិត្តរែងខ្វល់ចង់ពោលពាក្យស្លាក់
ពាក្យស្នេហ៍ដែលទាក់ណែនច្រាលក្នុងទ្រូង ។
អូនគេងសុបិន្តស្រែកហៅស្នេហា
ដោយមនោសញ្ចេតនាក្តុកក្តួលបេះដូង
ស្រលាញ់គេខ្លាំងដូចភ្នែកទាំងសង
ស្គាល់ទេនួនល្អងមនុស្សល្ងង់ម្នាក់នោះ ។
សូមគិតថាបងមនុស្សល្ងង់អូននឹក
ថ្ងៃយប់ល្ងាចព្រឹកអូននឹកទាំងឈ្មោះ
មនុស្សដែលអោបអូននឹងទ្រូងស្ម័គ្រស្មោះ
បេះដូងលង់លោះផ្តល់ភាពកក់ក្តៅ ។
ប្រាថ្នាជាមនុស្សអាចមើលថែម៉ុម
អោបស្ងួនពេលយំពេលចិត្តហ្មងសៅ
ផាហ៊ំបេះដូងលួងលោមឆោមឆ្លៅ
ថ្ងៃនេះតទៅក្បែរគ្នារហូត ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment