Tuesday, October 28, 2014

ពុកម៉ែខ្ញុំជាព្រះរស់ បទពាក្យ៨ ១៥ ១២ ២០១៣


 កើតទុក្ខនឹកផ្ទះល្ហេះល្ហះដៃជើង
          ស្ទុះស្ទាក្រោកឡើងតាំងពីព្រលឹម
ជិះឡានលឿនក្មាញ់ចិត្តវិញញញឹម   ដល់ផ្ទះសង្ឃឹមញុាំបាយម៉ែដាំ

ចុងភៅពិសេសមិនចេះសាបសូន្យ    ញុាំអស់ផ្ទួនៗបើុងដល់បាតឆ្នាំង
ញុាំតាំងពីកើតពេញវ័យគំលាំង        ស្នាដៃម៉ែខ្លាំងនៅឆ្ងាញ់ដដែល

អរគុណណាស់ម៉ែពុកម៉ែសំណប់     អរគុណអស់គ្រប់សប្បត្តិក្រាស់ក្រែល
ចិញ្ចឹមដោយបាយការពារដោយខែល   ទ្រព្យកេរ្តិ៍តំណែលកូនរៀនបានខ្ពស់

អរគុណពុកម៉ែម៉ែពុកដ៏ល្អ              តែងតែគាំទ្រកូនអោយមានឈ្មោះ
កូនមានថ្ងៃនេះជួយលើកកិត្តិយស   កូនសុខក៍ព្រោះញើសឈាមពុកម៉ែ

អរគុណអនេកទឹកភ្នែកលោកណាស់  គុណលោកដូចព្រះរួមរស់មើលថែ
សូមអស់ទេវតាមើលលោកទាំងទ្វេ    ការពារពុកម៉ែអាយុយឿនយូ

អរគុណបំផុតលើមនុស្សក្នុងលោក
    គុណបុណ្យគគោកសូមមកជាគូរ
សូមពរទាំងដប់មកគ្រប់បរិបូរណ៍    សុខភាពបរិបូរណ៍ដោយយសថ្លៃថ្លា

ចុងភៅពិសេសគឺអ្នកម៉ែខ្ញុំ
             ពុកខ្ញុំគុណធំធំលើសជលសា
កូនសូមគោរពហើយក្រាបវន្ទា
        សូមជាទេវតារក្សាយើងផង

រក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment