១ ទិដ្ឋភាពត្រកាលនាយខ្នងភ្នំព្រឹក សន្សើមពេលព្រឹកប្រស់ព្រំបុប្ឋា
ទេសចរធម្មជាតិគយគន់ព្រឹក្សា ជាយដែនកម្ពុជាមាតុភូមិនៃយើង
។
២ ទិដ្ឋភាពបំព្រងតាមដងអូរស្ទឹង បេះដូងសញ្ជឹងសំលឹងងើយឡើង
ព្រឹក្សព្រៃបៃតងលិចកើតត្បូងជើង ស្រុកភូមិថ្កានថ្កើងអភិវឌ្ឍទៅមុខ ។
៣ ទេសចរគ្រួសាររមនាដួងចិត្ត នាំអោយជីវិតដាមដិតក្តីសុខ
មើលភ្នំខ្ពស់ទាបខ្ពង់រាបព្រៃស្តុក ឆ្ងាយភ្នំសន្ទុកដែនដីបាត់ដំបង ។
៤ ទេសចរគ្រួសារទស្សនាទេសភាព លើខ្នងភ្នំយ៉ាតជំនោរជ្រោះជ្រង
បក្សាបក្សីម្រឹគព្រៃត្រសង ច្រៀងលេងឌឺដងឡកឡើយអោយគ្នា ។
៥ ទេសចរគ្រួសារទស្សនាទេសភាព ឆ្លងខេត្តសៀមរាបគយគន់បុព្វតា
ទឹកដីត្បូងពេជ្រប៉ៃលិនគុជ្ជសា ផ្នូរស្នេហ៍ពសុធាចៅចិត្តឃុនរី ។
៦ ទេសចរគ្រួសារទស្សនាដងអូរ គយគន់ទឹកហូរច្រោះកាត់ប្រថពី
កំសាន្តទេសភាពភ្នំខៀវមូលមី
ភ្នំច្រើនសាមគ្គីឧធ្យានធម្មជាតិ ។
៧ ទេសចរញញឹមស្រស់ស្រាយក្នុងចិត្ត វិលវល់នែបនិតទេសភាពផ្សេងទៀត
មើលតាមដងផ្លូវចំការខេមញាតិ កាង៉ែនមៀនទៀបធុរែនសៅម៉ៅ ។
៨ មើលចុះមើលឡើងផ្គើនផ្លុងអារម្មណ៍ ដែនដីសុវណ្ណភូមិខ្ពង់រាបព្រៃជ្រៅ
ដូចឋិតនាឋានសន្តិភាពភពក្រៅ ផ្លុងអារម្មណ៍ទៅសួគ៌ឋានរមនា ។
៩ កំសាន្តជ្រោះជ្រងអណ្តូងត្បូងពេជ្រ ប៉ៃលិនកុំភ្លេចសម្បត្តិខេមរា
រមណីយដ្ឋានស្អាតនាំជាតិថ្លៃថ្លា ខ្មែរអើយរក្សាអភិរក្សអោយគង់ ។
១០ ទេសចរគ្រួសារពរនាទេសភាព ផ្តាំខ្មែរដ៏រាបកុំអោយខ្មែរល្ងង់
កៀកស្មាកសាងអភិវឌ្ឍយូរលង់ ខ្មែរអើយបោះបង់គំនិតលោភលន់ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment