ព្រោះចិត្តស្រលាញ់នឹកក្នាញ់នួនល្អង
ព្រោះចិត្តគេងផ្សងមូរហ្មងរាល់ថ្ងៃ
សុំតែបានឃើញមាសស្ងួនរីករាយ
នឹកគិតមមៃភ័ក្រស្រីញញឹម ។
ព្រោះចិត្តមើលឃើញថារូបអូនល្អ
ប្រៀបនឹងអប្សរទេពស្រស់ប៉ប្រឹម
បេះដូងមួយនេះតែងគិតសង្ឃឹម
ទោះបីបើដឹងថាគ្មានវាសនា ។
ព្រោះចិត្តមួយនេះតែងត្រិះរិះខុស
ព្រោះលោភលន់ហួសព្រំដែននេត្រា
ឃើញហើយមិនអាចឃាត់ចិត្តប្រាថ្នា
លាក់ស្រស់ពុំងារពេញហៀរបេះដូង ។
ព្រោះចិត្តឃាត់ចិត្តមួយនេះមិនបាន
ឃើញស្រស់កល្យានរញ្ជួយញ័រទ្រូង
សំលេងដុកដាក់តន្រ្តីលោមលួង
ក្នុងបេះដូងបងរត់ទៅរត់មក ។
ព្រោះចិត្តស្រលាញ់ក្នក់ក្នាញ់កែវស្រី
ត្រឹមឃើញរូបថ្លៃក៍អស់ទុក្ខសោក
ជូនពរដល់ស្ងួនតទៅថ្ងៃមុខ
ស្រស់ស្អាតរហូតកុំបីបាត់បង់ ។
ព្រោះសុំត្រឹមមិត្តហៅចិត្តវិលវិញ
កុំបីស្រលាញ់ក្រែងកែវមូរហ្មង
អូនខឹងអូនស្អប់លែងរាប់រកបង
ស៊ូរស្នេហ៍សូន្យបង់សូមគង់ត្រឹមមិត្ត ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment