អង្គុយសំឡឹងទន្ទឹមមុខមុំ
មើលភ័ក្រស្រទំស្រទន់មន្តស្នេហ៍
ញញឹមសែនស្រស់ជានារីខ្មែរ
ថ្ពាល់ខួចទាំងទ្វេមន្តស្នេហ៍បេះដូង ។
សំឡឹងសំឡក់ខ្និកខ្នក់គួរក្នាញ់
បេះដូងផ្តើមវេញលាក់ថ្លៃក្នុងទ្រូង
សំឡឹងកែវភ្នែកថ្លាមុតចិត្តចិត្តផ្សង
មើលស្រស់នួនល្អងផ្តិតរូបឆោមឆាយ ។
សំឡក់សំឡឹងញញឹមរកគ្នា
ភាសានេត្រារៀបរាប់ហឬទ័យ
ចង់ផ្តើមពាក្យស្នេហ៍សាសងនឹងស្រី
ពាក្យពេជ្រសំដីហាក់មិនដូចចិត្ត ។
ក្នុងចិត្តញាប់ញ័រនៅមិនស្ងប់ស្ងៀម
បេះដូងគំរៀមចង់ប្រាប់វមិត្ត
ភាសាស្នេហាស្មោះត្រង់មួយពិត
អារម្មណ៍នេះគិតខ្លាចក្រែងស្រីខឹង ។
ក្នុងចិត្តស្រលាញ់មិនហ៊ាននិយាយ
បេះដូងលោតវាយដួងចិត្តមិននឹង
ធ្វើនេះធ្វើនោះមើលទៅហាក់ដឹង
សារភាពពេកហ្នឹងសមរម្យរឺស្ងួន ។
ក្នុងចិត្តហាក់ចង់អង្គុយក្បែរពៅ
ក្បែរកាយឆោមឆ្លៅប្រែរឹងអស់ខ្លួន
ហាស្តីមិនរួចភ្លឹកភ្លាំងគាំងជួន
មើលចំរូបអូនត្រជាក់កាយា ។
ក្នុងចិត្តក្តុកក្តួលឆួលឆាបព្រលឹង
ស្ងៀមស្ងាត់មាត់ឈឹងមិនដឹងពេលណា
ក្រសោបកាយស្រីថ្នមបីពុំងា
កេសាលើស្មារាត្រីរនោច ។
ស្មាមួយជាក្នើយស្ងួនកើយអោយស្កប់
សូមអូនកុំស្អប់បងច្រៀងបងហួច
បំពេរថ្លើមថ្លៃមមៃលបលួច
ថ្នមចិត្តស្រីតូចមិនអោយហ្មងសៅ ។
ស្មាបងជាក្នើយកើយផ្អែកទ្រូងរៀម
ខ្យល់បោកចិត្តស្ងៀមអោបកាយឆោមឆ្លៅ
ជាតិនេះផ្ញើខ្លួនតូចតន់ពាលពៅ
ជាតិនេះរស់នៅមានអូននិងបង ។
ជាតិនេះសូមចិត្តនឹមនួនប្រណី
កុំផ្តាច់និស្ស័យជ្រើសគេនួនល្អង
ប្រាថ្នារួមរស់ដល់ចាស់កោងខ្នង
សូមបើកបេះដូងជ្រើសបងបានទេ ។
និពន្ធដោយវេជ្ចបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment