១ ព្រះមហាក្សត្រខ្ញុំ ព្រះភក្ត្រញញឹម ប្រៀបដួងច័ន្ទ្រា
គង្គនៅជាម្លប់ ដល់រាស្ត្រខេមរា សាមគ្គីកៀកស្មា
កម្ពុជារឹងមាំ ។
២ ព្រះមហាក្សត្រខ្ញុំ ព្រះភក្ត្ររមទម ព្រះទ័យឧត្តម
ទសពិធរាជធម៌ បវរទេវភូមិ ទេវតាឥន្ទ្រព្រហ្ម
ការពាររាស្ត្រខ្មែរ ។
៣ ព្រះមហាក្សត្រខ្ញុំ កិត្តិយសឧត្តម និស្ស័យបុព្វេ
ព្រះទ័យអំរិត ដាមដិតមន្តស្នេហ៍ រាស្ត្រទ្រង់មិនរេ
ស្រលាញ់ជានិច្ច ។
៤ ព្រះមហាក្សត្រខ្ញុំ ម្ចាស់ដែនសុវណ្ណភូមិ ទ្រង់មិនដែលភ្លេច
សុខទុក្ខអស់រាស្ត្រ ផែនដីត្បូងពេជ្រ ព្រះទ័យតែងគិត
សន្តិភាពស្ថេរភាព ។
៥ ព្រះមហាក្សត្រខ្ញុំ ហត្ថាប្រណម ត្រាស់ដឹងបុណ្យបាប
សង្រ្គោះសត្វលោក ផុតកម្មដុនដាប ពន្លឺសិរីភាព
ជួនខេមរាជន ។
៦ ព្រះមហាក្សត្រខ្ញុំ រឹងមាំដូចភ្នំ ប្រាជ្ញាមិនភាន់
ខ្វល់ខ្វាយរាជកិច្ច រឿងជាតិអសន្ន ដោះស្រាយបន្ទាន់
មិនអោយប្រេះឆា ។
៧ ព្រះមហាក្សត្រខ្ញុំ ដាស់តឿនយុវជន អោយខំសិក្សា
សសរទ្រូងជាតិ ក្លាហានមហិមា ប្រយោជន៍កម្ពុជា
បៃតងនៃយើង ។
៨ ព្រះមហាក្សត្រខ្ញុំ កំលាំងទ័ពជន មានទ្រង់ជាតិថ្កើង
កំលាំងសាមគ្គី យុវជនជាតិឆ្នើម យុវជនដង្ហើម
កំលាំងខេមរា ។
៩ ព្រះមហាក្សត្រខ្ញុំ តំណាងជាតិខ្ញុំ អភិវឌ្ឍអស្ចារ្យ
មហាក្សត្រសន្តិភាព ខ្ពស់ប្រៀបមេឃា ស្រលាញ់កម្ពុជា
ស្មើដួងព្រះកាយ ។
១០ ព្រះមហាក្សត្រខ្ញុំ កិត្តិយសជាតិខ្ញុំ ល្បីល្បាញសុសសាយ
សុខទុក្ខរាស្ត្រខ្មែរ ព្រះទ័យខ្វល់ខ្វាយ មិនដែលនឿយណាយ
ជាម្លប់រាស្ត្រទ្រង់ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment